ព័ត៌មានជាតិ

រថយន្តLexus ពាក់ស្លាកលេខនគរបាល បើកបុកម៉ូតូហុងដាឌ្រីមសេ១២៥ពីក្រោយ រួចបើករត់តែប្រជាពលរដ្ឋដេញចាប់បាន

ភ្នំពេញ: រថយន្តម៉ាក Lexus ពាក់ស្លាកលេខនគរបាល បានបើកបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពីក្រោយ បណ្ដាលឲ្យអ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់ បន្ទាប់មកបានបើករត់ ប៉ុន្តែបានចម្ងាយប្រមាន៣គីឡូម៉ែត្រ ត្រូវបានប្រជាពលរដ្ឋដេញចាប់បាន។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃកី «ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តម៉ាក Lexus ពាក់ស្លាកលេខ នគរបាល 2-0047 បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BJ-8069 ពីក្រោយពេញទំហឹង ។ បណ្ដាលឲ្យរថយន្តខ្ទេចមុខ១ចំហៀង និងម៉ូតូរងការខូចខាតដាច់កន្ទុយ និងស្លាកលេខមកដី ចំណែកមនុស្ស២នាក់រងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានបញជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់មកកម្លាំងនគរបាលខណ្ឌដង្កោបានចុះទៅធ្វើការវាស់វែង និងនាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់