ព័ត៌មានជាតិ

យុវជនម្នាក់ចេញពីកម្មពិធីគេបើករថយន្ត Prius បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញៈ នាវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង យុវជនម្នាក់ចេញពីកម្មពិធីគេ បើកបររថយន្តម៉ាក Toyota Prius ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BL-1086 ជ្រុលទៅបុកម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ មួយគ្រឿង បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ បើកបរ ដោយយុវជនម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកម៉ូតូឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿង ដឹកទំនិញអនឡាញ បណ្តាលឲ្យបុរសម្នាក់ដួលបោករងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ករណីខាងលើនោះ យោងតាមប្រភពព័ត៌មានពីតៃកុងរថយន្តបង្កហេតុ បាននិយាយបញ្ជាក់ប្រាប់ឲ្យដឹងថា គាត់ទើបនឹងចេញពីកម្មពិធី គេមួយកន្លែងនៅម្តុំព្រែកំពឹស ដោយបានផឹកគ្រឿងស្រវឹងបន្តិចបន្តួចតែប៉ុណ្ណោះ ហើយបានបើកបរថយន្តធ្វើដំណើរត្រលប់មកផ្ទះរបស់ ខ្លួនវិញនៅត្រង់ម្តុំច្បារអំពៅ ។ ខណៈដែលកំពុងធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុនោះ ក៏មានការបើកបរវ៉ាប្រជែងគ្នាចុះឡើង ក៏បានប៉ះទង្គិចគ្នាជាមួយនឹងម៉ូតូ១គ្រឿង បន្ទាប់ពីកើតហេតុតៃកុងរថយន្តក៏មិនបានចុះរត់គេចខ្លួននោះដែរ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ច្បាស់ពីចំណាត់ការរបស់ សមត្ថកិច្ច យ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់