ព័ត៌មានជាតិ

ករណីម៉ូតូ​០២គ្រឿង​បុក​គ្នា​ពេញទំហឹង បាន​ខ្ទាត​ទៅ​បុក​រថយន្តមួយគ្រឿង បណ្តាលឲ្យបុរសពីរនាក់សន្លប់ស្តូកស្តឹង

ភ្នំពេញៈ​ ​នា​វេលា​ម៉ោង០​៩និង​៣០នាទី​យប់​ ថ្ងៃ​ទី០​២ ខែវិច្ឆិកា​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង​ ម៉ូតូ​បុរសម្នាក់ជិះម៉ូតូ​ស្កុពីមួយគ្រឿង ​​បោះពួយ​យ៉ាង​លឿន ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន បាន​វ៉ាជែង​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ពេញទំហឹង​ខ្ទាត​ទៅ​បុក​រថយន្ត​ បណ្តាលឲ្យ​រងរបួសធ្ងន់សន្លប់ពីរនាក់ ទីតាំងនៅ​ក្បែរ​ផ្សារ​សែនមេត្រី​ ស្ថិតតាម​បណ្ដោយ​ផ្លូវ​១៧​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌ​មានជ័យ រាជធានីភ្នំ​ពេញ ។

ហេតុការណ៍៖ ​នៅ​មុន​ពេល​កើតហេតុ​ គេឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​ម៉ាក​ហ្វត​រ៉ែនជ័រ​ ​មួយ​គ្រឿង ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​2BU-2078 ​ធ្វើណើរ​តាម​បណ្ដោយ​ផ្លូវ​១៧​ ទិសដៅ​ពី​ជើងទៅត្បូង​ ​ពេល​នោះមាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុង​ដា​ស្កុពី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ ​1JH-8695 ​ជិះ​ដោយ​បុរស​ម្នាក់​ ស្របទិសគ្នា​តាម​ពី​ក្រោយ​រថយន្ត​ក្នុង​ល្បឿន​លឿន មកដល់ត្រង់ចំណុច​កើតហេតុ​ ​បានបើក​វ៉ាជែងខាង​ឆ្វេង​រថយន្ត ​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន ​​ក៏​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ ហុង​ដា​ស្កុពី​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1IU-2677 ដែលជិះ​ដោយ​បុរស​ម្នាក់​ ក្នុង​ទិសដៅ​បញ្រ្ចាសគ្នា ហើយ​ម៉ូតូស្កុពី​ពណ៌​ខ្មៅ ​ក៏​បាន​ខ្ទាត​ទៅ​បុក​ចំ​ពីមុខ​ក្រោយ​រថយន្ត ​បណ្តាល​ឲ្យ​បែក​ចង្កៀង​និង​ក្រពឹត​ផ្នែក​ខាង​ក្រោយ​ចំហៀង​ខាង​ឆ្វេង​ ។ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​បាន​រងការ​ខូចខាត​​យ៉ាង​ដំណំ​ រីឯ​អ្នក​បើកបរ​ម៉ូតូ​ពីរនាក់​​សន្លប់ ​ត្រូវ​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ ​។

នៅក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​វាស់វែង ​យក​រថយន្ត​និងម៉ូតូ​ទាំងពីរ​គ្រឿង​ទៅ​រក្សា​ទុក ​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មាន​ជ័យ ​ដើម្បីរង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់ ​៕

មតិយោបល់