ព័ត៌មានជាតិ

បុរសម្នាក់ត្រូវរថយន្តកិនស្លាប់ៗ យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ

ភ្នំពេញ: នាវេលាម៉ោង ៣និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបុរសម្នាក់ ត្រូវរថយន្តមិនចាំម៉ាកកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះ ដើរតែម្នាក់ឯងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ដោយសភាពរបស់ជនរងគ្រោះបានចេញកាយវិការប្លែកៗហាក់ដូចជា មនុស្សដែលមានសតិមិនប្រក្រតី លុះដល់វេលាកើតហេតុបុរសរងគ្រោះ ក៏បានដើរទៅចំណុចកើតហេតុរួចដេកននៀលនៅចំកណ្ដាលផ្លូវ ស្របពេលនោះដែលស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង មិនចាំម៉ាកបានបើកធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចនិងក្នុងល្បឿនយ៉ាងលឿន គេចមិនទាន់ជ្រុលទៅកិនចំក្បាលជនរងគ្រោះ បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ចំណែកឯរថយន្តបន្ថែមល្បឿនបើកបន្តដំណើរចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍និងបានឆែកឆេរលើខ្លួនជនរងគ្រោះ ឃើញកាបូបលុយមួយនៅក្នុងហោប៉ៅជនរងគ្រោះ និងបានរកឃើញអត្តសញ្ញាណប័ណ្ណមានឈ្មោះ ហូ វត្ថា អាយុ ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងឯកសារមួយចំនួនទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែងដើម្បីរង់ចាំធ្វើការស្រាវជ្រាវតាមចាប់រថយន្តបង្ក យកមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែកឯសពជនរងគ្រោះដោយមិនអាចទាក់ទងរកសាច់ញាតិ បានក៏សមត្ថកិច្ចប្រគល់ឲ្យទៅរថយន្តដឹកសពដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់