ព័ត៌មានជាតិ

ករណីបុរសជាជនជាតិចិន សង្ស័យស្រវឹងស្រា បានបើករថយន្តបុករះចូលផ្ទះលក់ចាប់ហួយ ៤ខ្នង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបុរសជាជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក Nissan Navara មួយគ្រឿងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រជោកជាំ ជ្រុលចង្កូតទៅបុករះចូលផ្ទះលក់ចាប់ហួយអស់ ៤ផ្ទះ ម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត រួមទាំងសម្ភារៈមួយចំនួនដែលរងការខូចខាត។ ហេតុការណ៍ខាងលើនេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចខាងក្រោយបុរីអូគីដេ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តម៉ាក Nissan Navara ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-8626 តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថាតៃកុងងោក ឬក៏មានបញ្ហារថយន្តយ៉ាងណានោះទេ ក៏បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុករះផ្ទះលក់ចាប់ហួយចំនួន ៤ផ្ទះ ម៉ូតូមួយគ្រឿង និងរថយន្តដែលចតនៅក្នុងផ្ទះមួយគ្រឿងទៀត រងការខូចខាត រួមទាំងសម្ភារៈទូកញ្ចក់និង គ្រឿងភេសជ្ជៈអស់ជាច្រើនទៀត រងការខូចខាត ចំណែកឯរថយន្តបង្កមិនព្រមឈប់ដោះស្រាយ បន្តល្បឿនបើករត់ រហូតទៅដល់ផ្លូវបេតុងចំណុចក្បែរស្តុបលូប្រាំ ទើបសមត្ថកិច្ចនិងប្រជាពលរដ្ឋតាមឃាត់បានតែម្តង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យមានមនុស្សរងរបួសនោះទេ៕

មតិយោបល់