ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ករណីហិង្សា និងផ្ដើមគំនិតហិង្សាដោយចេតនា ធាក់ម៉ូតូបុរសម្នាក់បណ្តាលឲ្យដួល

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ករណី​ ហិង្សាដោយចេតនាមាន​ស្ថានទម្ងន់ទោស​ និងផ្តើមគំនិតក្នុងអពើ​ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ លើជនរងគ្រោះ​ ភេទប្រុស​ អាយុ ២៩ឆ្នាំ​ ជនជាតិខ្មែរ​ កាលពីថ្ងៃទី​០២​ ខែ​វិច្ឆិកា​ ឆ្នាំ២០២២​ វេលាម៉ោង១៦:២០នាទី​ នៅត្រង់ចំណុច​បណ្តោយផ្លូវ​ជាតិ​លេខ​៣​ ជិតស្ពានអាកាសចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយ​ពីទទួលបាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ នៅថ្ងៃទី​០៤ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលាម៉ោង១៧:២០នាទី​ លោកឧ.ត្រី​ ខេង​ ម៉េងឈាង​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​ បានចាត់លោកវ.ទោ​ ជា​ សិដ្ឋ​ជ័យ​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ ដឹកនាំកម្លាំងជំនាញ ធ្វើការ​ស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប​ ​នឹង​ឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ ភី​ ភាព​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅ​ផ្ទះជួល​ ផ្លូវ​បេតុង​ ភូមិចាក់ជ្រូក​ សង្កាត់​សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ នៅត្រង់ចំណុចតារាងបាល់ទះ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ដើម្បីយកមកធ្វើការសាកសួរ ចំណែកឈ្មោះ​ វាសនា​ កំពុងគេចខ្លួន​។
គួររំលឹកដែរថា​ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥:៥០នាទី ឈ្មោះ​ ភី​ ភាព បានបើកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ ១IX-៥៣២១​ ឌុបឈ្មោះ វាសនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកចំណុចរោងចក្រអប្សរា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយមកនៅវេលាម៉ោង១៦:១០នាទី​ ឈ្មោះ​ ភី​ ភាព​ ក៏បានឃើញជនរគ្រោះ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតម៉ាក ហុងដាប៊ីត ពណ៌ខៀវ មិនចាំផ្លាកលេខ នៅចំណុចបណ្តោយផ្លូវជាតិលេខ៣ ម្តុំស្ពានអាកាសចោមចៅ ឈ្មោះ​ ភី​ ភាព​ ក៏បានបើកម៉ូតូតាមទៅខាងឆ្វេងដៃជនរងគ្រោះ រួចធាក់ម៉ូតូបុរសម្នាក់បណ្តាលឲ្យដួល ហើយឈ្មោះ វាសនា ក៏បានធ្វើកម្មភាពយកដុំថ្មបេតុង ទំហំ១០ស.ម គប់ទៅលើជនរងគ្រោះ ប៉ុន្តែគប់មិនត្រូវ​ ដោយ​សារ​ជនរងគ្រោះ​ដួលម៉ូតូ ក្រោយពីធ្វើសកម្មភាពរួច ឈ្មោះ​ ភី​ ភាព និងឈ្មោះ វាសនា នាំគ្នាជិះម៉ូតូគេចខ្លួន ។

បច្ចុប្បន្ន នាយកដ្ឋាន​បាននាំជនសង្ស័យខាងលើមកដើម្បីធ្វើការសាកសួរ និងបាន​ប្រគល់​ជនសង្ស័យ​ជូន​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចាត់ការ​បន្តតាមនីតិវិធី៕

មតិយោបល់