ភ្នំពេញ: រថយន្តកូរ៉េឃ្លប់មួយគ្រឿង បើកឆ្លងផ្លូវស្របពេលនោះ មានរថយន្ត toyota បើកផ្លូវត្រង់ បណ្ដាលឲ្យជ្រុលបុកទទឹងរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត រថយន្តទាំងសងខាងយ៉ាងធ្ងន់ធ្ងរ ។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត toyota ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2E-1381 ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េឃ្លុប មួយគ្រឿង ពាក់ស្លាកលេខច1848 ភព2 បើកបរក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បានបទឆ្វេងឆ្លងផ្លូវ មិនទាន់ផុតផងក៏ត្រូវរថយន្ត toyota ខាងលើបុកចំទទឹងរថយន្ត បណ្ដាលឲ្យខ្ទាតបង្វិលរថយន្តមួយជុំ ធ្លាក់ឃ្លប់មកលើផ្លូវចំណែករថយន្ត toyota រងការខូចខាតផ្នែកខាងមុខស្ទើរតែមួយកំណត់ ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសធ្ងន់ឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការរបស់វែង និងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាមួយជំហានសិន ៕
មតិយោបល់