ព័ត៌មានជាតិ

Update៖ ទីបំផុត! ជនសង្ស័យ បន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់ «មហារុងរឿង» លួចយករថយន្តភ្ញៀវ នៅខេត្តតាកែវ ពេលនេះ ឃាត់ខ្លួនបានហើយ

ភ្នំពេញ: កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ដែលបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់ លួចយករថយន្តភ្ញៀវ ក្នុងផ្ទះសំណាក់ «មហារុងរឿង» នៅខេត្តតាកែវបានហើយ នៅកោះពេជ្រ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តដែលត្រូវជនសង្ស័យលួច ម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជារបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវជនសង្ស័យលួចកាលពីវេលាម៉ោងចន្លោះប្រហែល ៩ ដល់ម៉ោង ១១ យប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះសំណាក់ មហារុងរឿង ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់។

ដោយជនសង្ស័យ បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារភ្ញៀវ យកសោរឡាន ដោយប្រាប់ថា យកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ បន្ទាប់មកក៏បើករថយន្តទៅបាត់តែម្ដង។ លុះដល់វេលាម៉ោង ២៣ និង១០ នាទី ទើបម្ចាស់ដឹងថា បាត់រថយន្ត ក៏មកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់