បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ១៤ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ នៅវេលាម៉ោង០៦និង១០នាទីព្រឹក នៅចំណុចផ្លូវធារាសាស្រ្ត ស្ថិតនៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានឲ្យដឹងថា៖ សពដែលគេប្រទះឃើញ ឈ្មោះ ម៉ៅ ឆន ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ បើយោងតាមការបំភ្លឺរបស់ឈ្មោះ យី យ៉ា ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាអ្នកភូមិជាមួយគ្នាបានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពួកគាត់មានគ្នា៥នាក់ ទាំងជនរងគ្រោះ បានផឹកស្រាស ជាមួយគ្នា នៅរោងចាំស្រែក្បែរផ្លូវធារាសាស្រ្ត ចម្ងាយពីផ្លូវ២៥៨D ប្រហែល៣០០ម៉ែត្រ ដល់ម៉ោង០៥និង៣០នាទីល្ងាច ជនរងគ្រោះបានសុំមកផ្ទះមុន លុះដល់ម៉ោង០៦និង១០នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ស្រាប់តែឮដំណឹងថា ឈ្មោះ ម៉ៅ ឆន បានស្លាប់ ។
នគរបាលបានបញ្ជាក់ថា៖ ក្រោយពីទទួលបានព័ត៌មាន បានបង្កើតគណៈកម្មការដែលមានសមាសភាព លោកអធិការរង ទទួលការងារព្រហ្មទណ្ឌ, លោកអធិការរង ទទួលការងារចរាចរណ៍, សមាជិកក្រុមប្រឹក្សាឃុំ អូរបីជាន់, លោកមេបញ្ជាការរងកងរាជអាវុធមូលដ្ឋានស្រុកអូរជ្រៅ នាយផ្នែកនគរបាលព្រហ្មទណ្ឌ, លោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអូរបីជាន់, លោកនាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ, លោកគ្រួពេទ្យមណ្ឌលអូរបីជាន់, លោកអនុភូមិស្នួលទ្រេតនិងក្រុមគ្រួសារសព ដើម្បីធ្វើការត្រួតពិនិត្យសព ក្នុងនោះរកឃើញមាន៖ ស្លាកស្នាមបែកក្បាលខាងក្រោយ ,បាក់ដៃស្តាំ, រលាត់ស្មងជើងស្តាំ, ឈាមហូរចេញតាមត្រចៀកស្តាំ ។
តាមការសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះសង្ស័យរថយន្តបើកកៀររួច រត់គេចខ្លួនបាត់ ព្រោះឃើញមានស្នាមកង់រថយន្តនៅជាប់កន្លែងជនរងគ្រោះដេកស្លាប់ ៕





មតិយោបល់