ព័ត៌មានជាតិ

ពលរដ្ឋ​ចោទថា ​អាជ្ញាធរ​ស្រុក​សន្ទុក​ មាន​វិធានការ​ខ្យល់​ លើឈ្មួញ​​យក​លុយ​ថ្លៃ​ស្ពាន​ដដែល​

កំពង់ធំ: រហូតមកទល់ថ្ងៃនេះ ស្ពានខ្លី១ស្ថិតនៅភូមិអូរកែងទាត់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ឈ្មួញនៅតែបន្តយកលុយពីប្រជាពលរដ្ឋដដែល ដែលធ្វើប្រជាពលរដ្ឋចោទថា លោកអភិបាលស្រុកសន្ទុក លោក យស បញ្ញារិទ្ធ មានចំណាត់ការខ្យល់ចំពោះរឿងនេះ ហើយពួកគាត់សុំឲ្យលោកអភិបាលខេត្តកំពង់ធំ ជួយអន្តរាគមន៍ឲ្យឈ្មួញបញ្ឈប់ការយកលុយពីពួកគាត់ផង ព្រោះទង្វើនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ជាខ្លាំង ហើយការយកលុយនោះ គឺមានតម្លៃ ថ្លៃហូសហេតុទៀតផង។

ប្រភពពីប្រជាពលរដ្ឋបានបន្តថា ស្ពាននេះ គឺលោកមេភូមិ ជន ផន បានរៃលុយពីពួកគាត់ក្នុង១គ្រួសារ ៥ម៉ឺនរៀល ១០ម៉ឺនរៀល និង២០ម៉ឺនរៀល និងគ្រួសារ១លានរៀល ដើម្បីយកទៅធ្វើផ្លូវស្ពាននោះ លុះធ្វើរួចហើយ ស្រាប់តែឈ្មោះ ខុង ហុម មានរហស្សនាម៨៤ ជាអ្នករកស៊ីឈើ និងជាមន្ត្រីយោធាស្រុកសន្ទុក ដែលប្រចាំការនៅទីនេះ បានប្រាប់ថា នៅជំពាក់លុយគាត់៤០០០ដុល្លារទៀត។ ក្រោយមកគណ:កម្មការ ក៏សម្រេចឲ្យឈ្មោះ ខុង ហម និងប្រពន្ធឈ្មោះ សុខ ខន យកថ្លៃពីអ្នកដំណើរ ដែលឆ្លងកាត់ស្ពាន រាប់មធ្យោបាយផងដែរ គឺម៉ូតូគ្រឿង តម្លៃ ១០០០រៀល គោយន្ត១គ្រឿង តម្លៃ៥០០០រៀល និងរថយន្ត១គ្រឿង តម្លៃ១០០០០រៀល។ ហើយការយក នេះ គឺគណ:កម្មការ បានឯកភាពជាមួយឈ្មោះ ខុង ហម ឲ្យយកចាប់ពីខែកុម្ភ: ឆ្នាំ២០១៥ រហូតដល់ ខែសីហា ឆ្នាំ២០១៥ តែប៉ុណ្ណោះ ប៉ុន្តែឈ្មោះខុង ហម និងប្រពន្ធ បានយកថ្លៃឆ្លងកាត់ស្ពាន រហូតមកថ្ងៃនេះ ។

ប្រភពបានបន្តឲ្យដឹងទៀតថា ឈ្មោះ ខុង ហម នេះ ជាមន្ត្រីយោធាស្រុកសន្ទុក ប្រចាំការនៅទីនេះ គឺមានមុខរបរបន្ថែម គឺរត់ការបទល្មើសឈើ ចេញភូមិសាស្ត្រខេត្តកំពង់ធំ ឆ្លងចូលខេត្តកំពង់ចាម ហើយទង្វើកេងប្រវ័ញ្ច ញើសឈាម របស់ប្រជាពលរដ្ឋនេះ ត្រូវបានពួកគាត់បានប្ដឹងទៅលោកអភិបាលស្រុកសន្ទុកយូរមកហើយ ហើយលោកអភិបាលស្រុកបាននិយាយថា លោកនឹងឲ្យបញ្ឈប់ទង្វើខុសច្បាប់នេះ ប៉ុន្តែរហូតមកថ្ងៃនេះ គឺសកម្មភាពឈ្មួញ នៅតែយកថ្លៃឆ្លងកាត់ស្ពានដដែល ដែលធ្វើពួកគាត់សុំឲ្យលោកអភិបាលខេត្ត អ៊ុត សំអន មេត្តាជួយពួកគាត់ផង ព្រោះពួកគាត់ត្រូវការឆ្លងកាត់ស្ពាននេះ ជារៀងរាល់ថ្ងៃ ហើយត្រូវចំណាយយ៉ាងច្រើនយ៉ាង  នេះ។

លោក យស បញ្ញារិទ្ធ បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងមានចំណាត់ការ បញ្ឈប់ទង្វើនេះ បើនៅតែមានបន្ត លោកនឹងមានចំណាត់ទៀត ប៉ុន្តែរហូតមកទល់ថ្ងៃនេះ ស្ពានឈើនៅតែឈ្មួញធ្វើអាជីវកម្មដដែល៕

4

1

2

3

មតិយោបល់