កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថៃ្ង០៨ វិច្ឆិកា ឆ្នាំ២០២២ រថយន្ត Range Rover ស៊េរីទំនើបមួយគ្រឿង បានឆ្លងចរន្ដអគ្គិសនី ឆាបឆេះខ្ទេចគ្មានសល់ ស្ថិតនៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រ ៥៦ ស្ថិតនៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមការឱ្យដឹងពីលោកវរសេនីយ៍ទោ ពៅ នឿន អធិការស្រុកភ្នំស្រួច ទទួលបន្ទុកចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា ក្រុមល្បឿនលឿនបានស្នើសុំអន្ដរាគមន៍ឲ្យសមត្ថកិច្ច ជួយយករថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយបាញ់ទឹកពន្លត់ករណីរថយន្ដ Range Rover ស៊េរីទំនើបមួយគ្រឿង បានឆាបឆេះនៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រ ៥៦ ដោយមិនដឹងមូលហេតុ ។
សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ តាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាឱ្យចេញរថយន្ដអគ្គិភ័យចំនួន០២គ្រឿង ទៅជួយអន្ដរាគមន៍បន្ទាន់ តែដោយសារតែផ្លូវដែលរថយន្ដកំពុងតែរងគ្រោះ គឺស្ថិតនៅលើផ្លូវល្បឿនលឿន ពិបាកក្នុងការឡើងអន្ដរាគមន៍ ច្រកចូល-ឡើងផ្លូវមាននៅឆ្ងាយ ការបើកឡើងលើផ្លូវល្បឿនលឿន គឺលំបាកមិនងាយស្រួលដូចផ្លូវជាតិធម្មតាទេ ។
ទោះបីជាយ៉ាងណា គ្រោះថ្នាក់ឆេះរថយន្ដមួយគ្រឿងនៅលើផ្លូវល្បឿនលឿន មិនបណ្ដាលឲ្យរងរបួសមនុស្សេ ប៉ុន្តែបានឆេះរថយន្ដអស់ទាំងស្រុង ៕






មតិយោបល់