ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជោកជាំបានថយឡានបុកចូលក្នុងផ្ទះប្រជាពលរដ្ឋបណ្ដាលអោយរងការខូចខាតទ្វារដែក២ជាន់បាក់វៀច និងរថយន្តមួយគ្រឿងចតទុកក្នុងផ្ទះខូចខាតផ្នែកខាងក្រោយ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៤ នៅចំណុចច្រូកផ្លូវបេតុងលេខ ២៦-BT ស្ថិតក្នុងភូមិត្នោតជ្រុំ១ ក្រុម៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា គេឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ហាយព្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-8700 បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ខណៈពេលរូបគេទើបតែចេញពីផឹកស៊ីនៅផ្ទះល្វែងក្បែរនិងផ្ទះជនរងគ្រោះ បណ្ដាលអោយទ្វារដែករូតមួយផ្ទាំងនិងទ្វារដែកសន្លឹកមួយផ្ទាំងបាក់វៀចចូលទៅក្នុងប៉ះនិងរថយន្តវីហ្គោមួយគ្រឿង ស៊េរីឆ្នាំ២០១៤ ដែលទើបតែទិញជិះបាន២ថ្ងៃចតទុកក្នុងផ្ទះរងការខូចខាតផ្នែកខាងក្រោយ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងក្រោយបែកស្ដុបរបូតកាងរថយន្តបន្តិចបន្តួច។ បន្ទាប់ពីកើតហេតុរថយន្តបង្កបានព្យាយាមបើករត់ តែត្រូវបានម្ចាស់ផ្ទះឃាត់បានទាន់ពេល។ ក្រោយពេលកើតហេតុភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាមិនត្រូវដោយភាគីខាងរងគ្រោះប្រាប់ថារថយន្តរបស់គាត់តម្តៃជាង៤ម៉ឺនដុល្លារទើបតែទិញជិះបាន២ថ្ងៃរងការខូចខាតគាត់មិនសុខចិត្តទេ ក៏សម្រេចហៅសមត្ថកិច្ចអោយចុះមកអន្តរាគមន៍ ដោយអោយសមត្ថកិច្ចធ្វើជាសាក្សីក្នុងការដោះស្រាយសំណងចំពោះបញ្ហានេះ៕
មតិយោបល់