ព័ត៌មានជាតិ

ករណីម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង​ បណ្តាលឲ្យមនុស្សពីរនាក់រងរបួសធ្ង​ន់

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២​ វេលាម៉ោង១៨និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូច្រាសទិសគ្នា បណ្តាលឲ្យមនុស្ស០២នាក់ រងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើង តាមបណ្តោយផ្លូវក្រាលគ្រួសក្រហម នៅចំណុចម្តុំមុខការ៉ាស់សាំងឈ្មោះ ក្រួច ចន្ធី អាយុ៥៦ឆ្នាំ ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុ ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1k-8770 បើកបរដោយឈ្មោះ ស៊ន់ ស៊ឺ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាក លេខភ្នំពេញ 1HT-0564 បើកបរដោយឈ្មោះ រឿន រចនា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) បើកបរពីកើតទៅលិច ចំពោះអ្នករងរបួសធ្ងន់ខាងលើ ត្រូវបានក្រុមគ្រួសារ សមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ ម៉ែន សុឃី អធិការរងនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បាន ចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបាន សន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿនលឿន និងបើកបរមិនប្រកាន់ស្ដាំ ។

ចំពោះវត្ថុតាងម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកតាលោសែនជ័យ រង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់