ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមិនប្រយ័ត្ន ទៅបុកពីក្រោយរថយន្តកំពុងឈប់

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសរកស៊ីលក់ឆ្នាំងម្នាក់ ជិះម៉ូតូមិនប្រយ័ត្នបុករថយន្តឈប់ស្ងៀមពីក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ០៥ ចំណុចខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវចម្ងាយ១៤០ម៉ែត្រ មុខដេប៉ូដាក់អីវ៉ាន់វីរ:ប៊ុនថាំង ចន្លោះគីឡូម៉ែត្រលេខ ២១៣-២១៤ ស្ថិតនៅភូមិស្វាយដូនកែវ១ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១២និង៥៦នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿង ម៉ាកទីតាន់ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3F.3887 ជារថយន្តដឹកទំនិញ របស់ក្រុមហ៊ុនដឹកជញ្ជូន វីរ: ប៊ុនថាំង បានឈប់ដាក់អីវ៉ាន់នៅមុខដេប៉ូ មួយសន្ទុះក្រោយមក មានម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពាក់ស្លាកលេខ កំពង់ចាម 1S.6625 ដឹកឆ្នាំងចានលក់ បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចខាងលើ បានបុករថយន្តពីក្រោយ បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។ ក្រោយឃើញហេតុការណ៍ដូចនេះ ប្រភពព័ត៌មានបានរាយការណ៍ ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ និងសង្គ្រោះជនរងគ្រោះ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះ ឈី ឈឹម ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិដូនប៉ែន ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកប្រតិបត្តិការបឹងខ្នារ ចំពោះអ្នកបើកបររថយន្តមានឈ្មោះ ស៊ីច.វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោកអធិការបានបន្តថា ចំពោះករណីនេះវត្ថុតាង សមត្ថកិច្ចបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវ ៕

មតិយោបល់