ព័ត៌មានជាតិ

Update៖ នីសាន់ណាវ៉ារ៉ា ងោកមួយភាំងបុកក្បាលព្រួញចែកទ្រូងផ្លូវទាំងព្រលឹម!

ភ្នំពេញ: បុរសម្នាក់ បើករថយន្តម៉ាកនីសាន់ណាវ៉ារ៉ា មួយគ្រឿង ដោយងោកមួយភាំង បានរេចង្កូតជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវពេញទំហឹងបណ្តាលរថយន្តរងការខូចខាតក្បាលខាងឆ្វេង និងខ្ទាតក្បាលព្រួញចែកទ្រូងផ្លូវ ចេញពីកន្លែងដើមប្រហែល៣ទៅ៤ម៉ែត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៦នាទីព្រឹកថ្ងែទី២៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរស្ស៊ី ក្បែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-1466 បានធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច ខណ:មកដល់កន្លែងកើតហេតុក្បែរសកលវិទ្យាល័យភូមិន្ទភ្នំពេញ អ្នកបើកបររថយន្តបានងោកមួយភាំង ក៏រេចង្កូតរថយន្តជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេចអស់មួយចំហៀងផ្នែកធ្វេងខាងមុខ ចំណែកក្បាលព្រួញរងការខូចខាតតែបន្តិចបន្តួចប៉ុណ្ណោះ សំណាងហើយដែលហេតុការណ៍នេះមិនបង្កឲ្យនរណាម្នាក់រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់