បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ម៉ូតូកែច្នៃប្រើប្រាស់ខុសបច្ចេកទេស (បំពង់ស៊ីម៉ាំងបំពងសំឡេង ភ្លើងបំភ្លឺ) ត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរណ៍ខេត្ត និងកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង៩ នៃខេត្តបន្ទាយមានជ័យ បានធ្វើការបង្ក្រាបដកហូតតាមដងផ្លូវជាបន្តបន្ទាប់ ។ ដោយឡែកអ្នកបើកបរប្រព្រឹត្តល្មើសសមត្ថកិច្ចធ្វើការអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់បែបនោះទៀត ។ នេះបើតាមលោកវរសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០២នេះ។
លោកនាយការិយាល័យប្រាប់ទៀតថា អនុវត្តតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលចរាចរណ៍ខេត្ត ក៏ដូចជាតាមបណ្តាអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង៩ តែងតែចុះទប់ស្កាត់ និងបង្ក្រាបម៉ូតូកែច្នៃខុសបច្ចេកទេសបំពង់ស៊ីម៉ាំង ប្រែន និងការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសបទដ្ឋានបច្ចេកទេស និងការកែច្នៃលេងភ្លើងឡាស៊ែខុសបច្ចេកទេសជាដើម ។
លោកវរសេនីយ៍ឯក គី មករា បញ្ជាក់ឱ្យដឹងទៀតថា ក្នុងច្បាប់ចរាចរណ៍ផ្លូវគោកត្រង់មាត្រា៦៦ ចែងថា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកត្រូវឃាត់យានជំនិះមិនឱ្យធ្វើចរាចរណ៍ ឬឃាំងទុកមិនលើស៣ថ្ងៃ ដើម្បីធ្វើការផាកពិន័យ និងកែតម្រូវលក្ខណៈបច្ចេកទេសទៅតាមករណីដែលអ្នកបើកបរប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិចរាចរណ៍ ។ អនុវត្តនៅត្រង់ចំណុច៤ យានជំនិះដែលបញ្ចេញផ្សែងខ្លាំង ឬសម្លេងម៉ាស៊ីនខ្លាំងលើសបទដ្ឋានបច្ចេកទេស ឬបំពាក់ប្រព័ន្ធភ្លើងខុសស្តង់ដារកំណត់ រំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឬអ្នករស់នៅជាប់ដងផ្លូវនោះ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ក៏បានជំរុញឱ្យកងកម្លាំងនគរបាលជំនាញត្រូវបន្តចុះទប់ស្កាត់នូវការប្រើប្រាស់យានជំនិះគ្រប់ប្រភេទដែលកែច្នៃខុសបច្ចេកទេស បង្កប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ពីព្រោះថា ការប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង (ប្រែន) និងការប្រើប្រាស់រថយន្តបំពង់ស៊ីម៉ាំង (ប្រែន)នៅលើថ្នល់ ប្រជាពលរដ្ឋបានធ្លាប់ប្តឹងរាយការណ៍មកលោកផ្ទាល់ពីការរំខាននៃការរស់នៅរបស់ពួកគាត់ និងសំណូមពរឱ្យមានការទប់ស្កាត់ ។
លោកឧត្តមសេនីយ៍ស្នងការក៏បានអំពាវនាវឱ្យក្មួយៗ ប្អូនៗ យុវជនដែលប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូ(ប្រែន)ត្រូវបញ្ឈប់ ត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក (គោរពច្បាប់ចរាចរណ៍គឺផ្តើមចេញពីយើងទាំងអស់គ្នា) រក្សាសណ្តាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាព អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ ៕
មតិយោបល់