ព័ត៌មានជាតិ

ជិះម៉ូតូអោនហែកនំបញ្ចុកកូនមិនបានមើលមុខ បុករថយន្តដឹកប្រេងឥន្ធនៈកំពុងចត បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងម៉ូតូ០១គ្រឿង និងរថយន្តដឹកប្រេងឥន្ទនៈ បណ្តាលអោយមនុស្ស០១នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន០២នាក់ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ប៉ាង ផង់ អធិការស្តីទីនគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូ០១គ្រឿង ម៉ាកហុងដា HONDA DREAM C125 ពណ៌ខ្មៅ ស៊េរី២០២១ ពាក់ផ្លាកលេខ ប៉ៃលិន 1D-6862ជិះគ្នាចំនួន០៣នាក់ អ្នកបើកបរឈ្មោះ យ៉េង ចាន់ណា ភេទស្រី អាយុ ៣៥ឆ្នាំ រួមដំណើរមានគ្នា០២នាក់ទៀត ទី១.ឈ្មោះ រុំ ចន្ត្រា ភេទប្រុស អាយុ០៣ឆ្នាំ និងទី២.ឈ្មោះ របស់ ចិន្តា ភេទស្រី អាយុ០១ឆ្នាំ អ្នកទាំង០៣នាក់ មានទីលំនៅភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបុកនឹងរថយន្តដឹកប្រេងឥន្ទនៈក្រុមហ៊ុនតេលាធុនធ្ងន់០១គ្រឿង ម៉ាកស្សាកម៉ែន SHACMAN ពណ៌សលាយប៉ៃតង ពាក់ផ្លាកលេខ ភ្នំពេញ 4A-7491 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ។ ហេតុការណ៍នេះ បណ្តាលអោយភាគីខាងម៉ូតូស្លាប់ចំនួន០១នាក់ រងរបួសធ្ងន់០១នាក់ និងរបួសស្រាល០១នាក់ នៅកន្លែងកើតហេតុ ។ ក្រោយពីកើតហេតុរួច អ្នកបើកបររថយន្តដឹកប្រេង បានរត់គេចខ្លួនពីកន្លែងកើតហេតុ ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីម៉ូតូធ្វើដំណើរពីទិសខាងជើងទៅត្បូងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ បានអោនហែកនំបញ្ចុកកូនមិនបានមើលមុខ ក៏បុករថយន្តកំពុងចតលើចិញ្ចើមផ្លូវខាងស្តាំ ក្នុងទិសដៅស្រប ចំពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងតែម្តង ។

បច្ចុប្បន្ន នគរបាលជំនាញ ដកហូតមធ្យោបាយបង្កទាំងពីរគ្រឿង យកមករក្សាទុក នៅអធិការស្រុកដើម្បីរង់ចាំដំណោះស្រាយតាមនីតីវិធី ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់