ព័ត៌មានជាតិ

កម្លាំងនគរបាលបង្រ្កាបជនសង្ស័យ០៦នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូ និងលួចម៉ូតូ២ករណីផ្សេងគ្នា នៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាបចោរប្លន់ម៉ូតូ និងលួចម៉ូតូ០២ករណីផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យសរុប០៦នាក់ ។ ជនសង្ស័យទាំង០៦នាក់ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ច នាំយកមកបង្ហាញមុខនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នឹងក៏បានកសាងសំណុំរឿង ចាប់បញ្ជូនទៅតុលាការចាត់ការ តាមផ្លូវច្បាប់នៅថ្ងៃដដែលផងដែរ ។

​លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញប្រាប់ឱ្យដឹងថា៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ក្រោយពីទទួលបានការប្តឹងរាយការណ៍ពីជនរងគ្រោះ ក្នុងអំពើប្លន់ម៉ូតូនិងលួចម៉ូតូចំនួន ០២ករណីរួចហើយនោះ កម្លាំងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការអនុវត្តវិធានការស្រាវជ្រាវ ស៊ើបអង្កេតតាមជំនាញព្រហ្មទណ្ឌ ក្នុងនោះកម្លាំងបានបែងចែង០២ដោយ០១ក្រុមស្វែងរកកំណត់មុខសញ្ញាអំពើប្លន់ធាក់យកម៉ូតូនៅក្នុងបុរីវីអាយភី ខណ្ឌដង្កោ ហើយ០១ក្រុមទៀតចេញស្រាវជ្រាវមុខសញ្ញាលួចម៉ូតូ នៅចំណុចសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ជាលទ្ធផលស្រាវជ្រាវប្រើពេលវេលាជាច្រើនថ្ងៃ កម្លាំងជំនាញព្រហ្មទណ្ឌ ក៏ឈានទៅដល់ការបង្រ្កាបមុខសញ្ញា អំពើប្លន់ម៉ូតូនិងលួចម៉ូតូទាំង០២ករណីខាងលើ បានសម្រេចជាបន្តបន្ទាប់ ។

​លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ប្រាប់ឱ្យដឹងទៀតថា៖ កាលពីយប់អធ្រាត្រថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ មានករណីអំពើធាក់ផ្តួលប្លន់យកម៉ូតូ០១គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ ១HO ០៩៧៣ នៅចំណុចបុរីវីអាយភី សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បង្កឡើងដោយជនសង្ស័យ០៣នាក់ ជិះម៉ូតូ០១គ្រឿង បានធ្វើសកម្មភាព ធាក់ផ្តួលប្លន់យកម៉ូតូជនរងគ្រោះ ខណ:ជនរងគ្រោះកំពុងជិះម៉ូតូតែម្នាក់ឯង ។

ក្រោយពីអំពើប្លន់ម៉ូតូជនរងគ្រោះនោះហើយ ជនសង្ស័យ០២នាក់ ត្រូវបានរងការបង្រ្កាបចាប់ខ្លួននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ១,ឈិន ដាវី ហៅពៅ ភេទប្រុស អាយុ១៨ឆ្នាំ ប្រកបមុខរបរជាងជួសជុលម៉ូតូ ២,យន់ សំអឿន ហៅឌឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ ប្រកបមុខរបរកម្មកររោងចក្រ ពួកគេរស់នៅផ្ទះជួលក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

វត្ថុតាងចាប់យក៖ ម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាស្កុបពី ពណ៌ស ប៉ុន្តែត្រូវបានជនសង្ស័យ យកបំពាក់ផ្លាកលេខក្លែងព្រៃវែង ១LL០៩៧៣ ។

​លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ប្រាប់ឱ្យដឹងទៀតថា៖ ដោយឡែក ០១ករណីទៀត គឺអំពើលួចម៉ូតូ០១គ្រឿង ក្នុងខណ្ឌទួលគោក ជនសង្ស័យចំនួន០៤នាក់ ត្រូវបានចាប់ខ្លួនក្រោយពីជនសង្ស័យ និងបក្ខពួកបានជិះម៉ូតចេញធ្វើសកម្មភាព លួចម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ ១FL៩៧៨៥ ប្រព្រឹត្តនៅចំណុចទីតាំងលក់រថយន្តលេខ២៣ ភូមិ១០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខណ:ដែលម៉ូតូជនរងគ្រោះ ទុកចោលជាប់សោនិងម៉ូតូជាស្រេច ស្ថិតនៅចំណុចខាងលើ ។

លុះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យ០៤នាក់ ដែលជាប់ពាក់ព័ន្ធអំពើលួច បានរងការចាប់ខ្លួនជាមួយនឹងការដកហូតវត្ថុតាង ឧបរណ៍សម្ភារ:មួយចំនួនរួមនឹងម៉ូតូជនរងគ្រោះ០១គ្រឿងផងដែរ ៕

មតិយោបល់