ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរេដឹកទឹកកកអនាម័យ បើកគេចពីម៉ូតូជ្រុលទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យជះទឹកកកពេញផ្លូវ និងរងការខូចខាត

ភ្នំពេញ: នាវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរេដឹកទឹកកក មួយគ្រឿង បើកដោយបុរសម្នាក់ រួមដំណើរជាមួយព្រូម្នាក់ទៀត គេចពីម៉ូតូមួយគ្រឿង ជិះដោយនារីម្នាក់ បួងចង្កូតជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឲ្យបាក់២កង់ រីឯរថយន្តដាច់ទូក្រឡាប់ជះទឹកកកពេញផ្លូវ ស្ថិតតាមបណ្តោយផ្លូវទំនប់៧០ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញរថយន្តកូរេដឹកទឹកកក មួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2C-2956 បើកដោយបុរសម្នាក់ រួមដំណើរជាមួយនឹងព្រូម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានគេចពីម៉ូតូមួយគ្រឿង ជិះដោយនារីម្នាក់ ធ្វើដំណើរបញ្រ្ចាសទិសគ្នា ហើយរថយន្តបួងចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យបាក់២កង់ រីឯរថយន្តបានដាច់ទូក្រឡាប់ជះទឹកកកពេញផ្លូវ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកចរាចរណ៍ចុះមកវាស់វែង យករថយន្តបង្កហេតុទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់