ព្រះសីហនុៈ គ្រោះថ្នាក់ចរចារណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីរថយន្តកុងតឺន័រមួយគ្រឿង បើកទៅប៉ះជាមួយម៉ូតូ២គ្រឿង បណ្តាលឲ្យមួយគ្រឿងឆេះ មនុស្ស៣នាក់រងរបួសធ្ងន់ ចំណែករថយន្តបង្ក បានប្រឡាប់ផ្ងារជើងនៅលើដងផ្លូវ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៨-១៦៩ ភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តបង្កប្រភេទកុងតឺន័រ ម៉ាក STRE LING ក្បាលពណ៌ស្លែ សណ្តោងកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3C-7884 បើកបរដោយបុរសម្នាក់ ទិសដៅមកពីភ្នំពេញ លុះបានមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅប៉ះជាមួយនឹងម៉ូតូ២គ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា រួមមានទី១ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1L-2581 បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែកម៉ូតូឆេះខូចស្ទើរទាំងស្រុង រីឯម៉ូតូទី២ ម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1E-1582 រងរបួសធ្ងន់ដូចគ្នា បណ្តាលឲ្យជនរងគ្រោះ២ ត្រូវបានបងប្អូនដឹកទៅសង្គ្រោះទៅមន្ទីរពេទ្យវាលរេញ។ ដោយឡែករថយន្តបង្កវិញ បានក្រឡាប់ផ្ងារជើងនៅលើដងផ្លូវ ចំណែកអ្នកបើកបរបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់តែម្តង។
ក្រោយពីកើតហេតុគេសង្កេតឃើញ ចរាចរណ៍នៅតំបន់នោះ បានកកស្ទះរថយន្តតូចធំ រាប់រយគ្រឿង រហូតដល់សមត្ថកិច្ចចុះសម្រួលការកកស្ទះ ទើបអាចធ្វើដំណើរវិញជាធម្មតាបាន៕
មតិយោបល់