ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាលខណ្ឌច្បារអំពៅ ក្រោមការបញ្ជាពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានធ្វើការល្បាត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ នៅវេលាម៉ោង៩និង០០នាទី គាប់ជួនមានករណីប៉ុនប៉ងលួចម៉ូតូ បង្កដោយជនសង្ស័យចំនួន២នាក់ នៅចំណុចផ្ទះលេខ១៨២ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ធ្វើប្រតិបត្តិការឃាត់ខ្លួនបាននៅនឹងកន្លែងតែម្តង ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ម៉ៅ ម៉េងគូ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ហេតុការណ៍៖ មុនពេលកើតហេតុជនសង្ស័យ០២នាក់ឈ្មោះ ម៉ៅ ម៉េងគូ និងឈ្មោះ ម៉ៅ ពិសិដ្ឋ ជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ស ផ្លាកលេខ ភ្នំពេញ ១JD-៨៤៦៤ ចូលក្នុងនៅសង្កាត់និរោធន៍ មកដល់មុខផ្ទះលេខ១៨២ (ចំណុចកើតហេតុ) ដែលមានម៉ូតូជា ច្រើនគ្រឿងទុកនៅទីនោះ ពេលនោះពួកជនសង្ស័យក៏ឈប់ម៉ូតូក្បែរនោះ រួចជនសង្ស័យឈ្មោះ ម៉ៅ ពិសិដ្ឋ ក៏យកដែកកែច្នៃ ចុងស្រួចដើរទៅរកកាច់សោកម៉ូតូ ក៏ត្រូវបានសន្តិសុខបុរី ឃើញស្រែកចោរៗ រួចពួកជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនទៅ បុកបារាស់សន្តិសុខបុរីប៉េងហួតដួលជ្រុះផ្លាកលេខម៉ូតូ (ភ្នំពេញ ១JD-៨៤៦៤) ពេលនោះក៏មានសមត្ថកិច្ចល្បាតក្បែរ នោះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ម៉េងគូ រួមនិងផ្លាកលេខខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ធ្វើការសាកសួរ ។ ចំណែកបក្ខពួកឈ្មោះ ម៉ៅ ពិសិដ្ឋ ជិះម៉ូតូគេចខ្លួនបាត់ ។
លទ្ធផលធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យ៖ វិជ្ជមាន (មានសារធាតុញៀន) ។
សមត្ថកិច្ចជំនាញកំពុងសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់