ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុករថយន្តកុងតឺន័រពីក្រោយ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ

ភ្នំពេញ:នាវេលាម៉ោង០៣និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ទីតាំងនៅក្បែរបុរីអូរឌឹម ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្ដកុងតឺន័រ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ពេលមេឃកំពុងតែធ្លាក់ភ្លៀង ។ លុះមកដល់ត្រង់ចំណុចកើតហេតុ មានម៉ូតូជនរងគ្រោះ បើកមកជ្រុលបុកពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ស្លាប់បាត់ប់ជីវតិនៅនឹងកន្លែងកើតហេតុ ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ
ហើយមានវ័យប្រហែល៤០ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AP-9726 ។ ដោយឡែករថយន្តកុងតឺន័រនោះវិញ បន្ទាប់ពីកើតហេតុបានបន្តដំណើរឆ្ពោះទៅមុខបាត់ស្រមោល ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក បានចុះមកអន្តរាគមន៍ យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ចំណែកឯសាកសពត្រូវយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី ​​៕

មតិយោបល់