ភ្នំពេញៈ នៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីម្នាក់នៅក្នុងបន្ទប់ជួលពេលយប់ស្ងាត់ម្នាក់ឯង ត្រូវជនសង្ស័យម្នាក់ លួចចូលទៅធ្វើសកម្មភាព ចាប់ច្របាច់កប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិ តែមិនបានសម្រេច ទីតាំងស្ថិតតាមផ្លូវលំ ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ករណីខាងលើនោះ យោងតាមស្ត្រីរងគ្រោះនិយាយថា សព្វថ្ងៃគាត់ស្នាក់នៅបន្ទប់ជួលពីរនាក់ប្តី ហើយនៅមុនពេលកើតហេតុប្តីរបស់ជនរងគ្រោះបានចេញទៅអង្គុយលេង នៅបន្ទប់ជួលអ្នកស្គាល់គ្នានៅក្បែរនោះ ដោយជនរងគ្រោះនៅក្នុងបន្ទប់ជួលកើតហេតុតែម្នាក់ឯង និងមិនបានចាក់កន្លឹះទ្វារបន្ទប់ជួលនោះទេ លុះដល់ពេលកើតហេតុជនរងគ្រោះ ក៏បានឃើញទ្វារបន្ទប់ជួលរង្គើពីរទៅបីដង ។ ពេលនោះជនរងគ្រោះក៏ស្មានតែកូនរបស់គាត់ ដែលរស់នៅក្បែរនោះ ។ ជនរងគ្រោះក៏ព្យាយាមស្រែកហៅតែមិនមានសំឡេងឆ្លើយតបនោះទេ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានស្ទុះចូលមកក្នុងបន្ទប់របស់ជនរងគ្រោះ និងបានធ្វើសកម្មភាពប្រតាយប្រតប់ចាប់ច្របាច់កជនរងគ្រោះ ប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិ ពេលនោះជនរងគ្រោះព្យាយាមរើបម្រះ និងស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជនសង្ស័យក៏ភ័យស្លន់ស្លោរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍ភ្លាម ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទៅការសាកសួរ និងដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នរគបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕



មតិយោបល់