ព័ត៌មានជាតិ

រថយន្តបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ

កំពង់ឆ្នាំង: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ វេលាម៉ោង១៧និង៣០នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៩១-៩២ ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3F-5786 អ្នកបើកបររថយន្តមិនស្គាល់សាវតាជាតិ និងអាសយដា្ឋន (រត់គេចខ្លួនបាត់) បើកបរចេញពីទិសខាងកើត ទៅទិសខាងលិច ។

លុះពេលបើកបរដល់ចំណុចខាងលើ ក៏បានបុកជាមួយម៉ូតូ០១គ្រឿងម៉ាក YAMAHA SIRIUS ពណ៌ខ្មៅ+ក្រហម ពាក់ផ្លាកលេខ តាកែវ 1C-8533 បើកបរដោយឈ្មោះ សេង សុភាស់ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្នភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរចេញពីទិសខាងលិច ទៅទិសខាងកើត ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឱ្យស្លាប់ (អ្នកបើកបរម៉ូតូ) នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងចាប់យកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ ។ ហើយបានប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់