ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ពាក់ករណីធ្វើសកម្មភាពឆក់កាបូប

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៤រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩ និង ១០នាទី នៅចំណុចភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ០២នាក់ស្រី៖ ១-ឈ្មោះ សុខ សារ៉ុន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិពោធិ៍បួន ឃុំម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ២-ឈ្មោះ សិន ខាវ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ ។

ជនសង្ស័យ០៤ នាក់ប្រុស​ ឃាត់ខ្លួន​០១នាក់៖​ ១-ឈ្មោះ លី សុខវីន ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅ សង្កាត់បឹងកក់២ ខណ្ឌទួលគក រាជធានីភ្នំពេញ​ (បើកម៉ូតូម្នាក់ឯងម៉ាកនិច ឃាត់ខ្លួន) ។ ២-ឈ្មោះ ស្រ៊ុន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ (បើកម៉ូតូម្នាក់ឯងម៉ាកសង់ គេចខ្លួន) ។ ជនសង្ស័យចំនួន០២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ។

សម្ភារ:បាត់បង់៖ ឈ្មោះ សុខ សារ៉ុន បានបាត់កាបូបស្ពាយពណ៌ទឹកប៊ិកចំនួន០១ ក្នុងនោះមានទូរស័ព្ទដៃម៉ាក oppo ពណ៌ខ្មៅ ០១គ្រឿង ប្រាក់រៀលចំនួន ១ម៉ឺនរៀល​ និងទូរស័ព្ទដៃអិនចុចពិល ។ ឈ្មោះ សិន ខាវ បានបាត់​កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១ ក្នុងនោះមានប្រាក់រៀលចំនួន ចិតសិបមួយម៉ឺនរៀល (៧១០,០០០៛) និងប្រាក់ដុល្លារចំនួនម្ភៃដុល្លារអាមេរិក (20$) និងទូរស័ព្ទម៉ាក oppo ពណ៌ទឹកប៊ិកចាស់ចំនួន០១គ្រឿង ។

វត្ថុតាងចាប់យក៖ -ម៉ូតូ០១គ្រឿងរបស់ជនសង្ស័យ​ ម៉ាកនិច ពណ៌ប្រផេះ ឆ្នាំ២០២៣ លេខតួ CF44F367519 លេខម៉ាស៊ីន AE52-367732 ។ -កាបូបស្ពាយពណ៌ទឹកប៊ិកចំនួន០១ ក្នុងនោះទូរស័ព្ទដៃម៉ាក oppo ពណ៌ខ្មៅ ០១គ្រឿង ប្រាក់រៀលចំនួន ១ម៉ឺនរៀល ។
-កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១ ក្នុងនោះមានប្រាក់រៀលចំនួន ចិតសិបមួយម៉ឺនរៀល (៧១០,០០០៛) និងប្រាក់ដុល្លារចំនួនម្ភៃដុល្លារអាមេរិក (20$) ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ​ ជនរងគ្រោះបានចេញពីផ្ទះយកខោអាវ ឱ្យអតិជនដែលកម្មង់ទិញ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ០៤នាក់ ជិះម៉ូតូចំនួន០៤គ្រឿង បានធ្វើសកម្មភាពឆក់ យកកាបូបពីជនរងគ្រោះ ។ បន្ទាប់ពីឆក់កាបូបបានហើយ ជនសង្ស័យបាននាំគ្នាជិះគេចខ្លួន ក្រោយមកជនរងគ្រោះ បានស្រែកឆោឡោរួចរាយការណ៍ឲ្យសមត្ថកិច្ច បន្ទាប់ពីទទួលបានព័ត៌មានហើយ កម្លាំងប៉ុស្តិ៍​ និងប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់ជនសង្ស័យបាន០១នាក់ ហើយជនសង្ស័យ០៣នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ទៅ បន្ទាប់មកកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នាំខ្លួនជនសង្ស័យ​ កាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ៖​ ខ្លួននិងបក្ខពួក០៣នាក់ទៀត ជិះម៉ូតូចំនួន០៤គ្រឿង ចេញពីក្រុងភ្នំពេញ ដើម្បីធ្វើសកម្មភាពឆក់កាបូប រហូតដល់ចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះទាំង០២នាក់ ពិតប្រាកដមែន ។

ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន​ រយ:ពេល​ប្រហែលជាង១ឆ្នាំហើយ ។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង តាមនីតិវិធី ៕

មតិយោបល់