ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធករណីសញ្ចារកម្ម ប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេយីហោ ម្លប់ស្បូវ KTV

កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដោយមានការសម្របសម្រួល និងដឹកនាំដោយលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីសញ្ចារកម្ម ប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេយីហោ ម្លប់ស្បូវ KTV ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា៖ សមត្ថកិច្ចបាននាំខ្លួនឈ្មោះ ឆន ធី ភេទស្រី អាយុ ៣៩ ឆ្នាំ ជាតិខ្មែរ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរ មេកាខារ៉ាអូខេ និងនារីរកស៊ីផ្លូវភេទ០២នាក់ (ជាអនីតិជន០១នាក់) មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរតាមនីតិវិធី ។

ប្រភពដដែលបានបន្តថា៖ ក្រោយពីសាកសួរ និងដោយមានការចូលរួមនីតិវិធី ពីសំណាក់ភ្នាក់ងារសង្គមកិច្ចអម នឹងជនរងគ្រោះជាអនីតិជន ដោយមានបញ្ជាពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឆន ធី ពីបទសញ្ចារកម្មប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេយីហោ ម្លប់ស្បូវ KTV ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨ និង៣០នាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

វត្ថុតាងរួមមាន ៖ ស្រោមអនាម័យប្រើប្រាស់រួច០៥ និងមិនទាន់ប្រើប្រាស់ចំនួន០៦ ។

ចំពោះជនរងគ្រោះជាអនីតិជន សមត្ថកិច្ចបានប្រគល់ជូនអង្គការមេត្រីអន្តរជាតិ តាមរយៈមន្ទីរសង្គមកិច្ច រីឯជនរងគ្រោះជានីតិជន បានប្រគល់ជូនក្រុមគ្រួសារវិញ ៕

មតិយោបល់