ព័ត៌មានជាតិ

បើកម៉ូតូវ៉ារថយន្ត បណ្ដាលឲ្យទៅបុកម៉ូតូសង់កូរ៉េ ស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ ២នាក់ នៅស្រុកស្អាង

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក​ ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨នឹង៤០នាទី នៅលើផ្លូវលេខ២១ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំកើតហេតុ​ខាងលើ មានអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាទ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AC-3933 បើកបរដោយឈ្មោះត្រិះ យួសោះ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង (ស្អាង តាខ្មៅ) ខេត្តកណ្ដាល។(មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីត្បូងទៅជើងរួមដំណើរដោយឈ្មោះ តូហៀត ថាស៊ី ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិឃុំជាមួយគ្នា (មិនពាក់មួកសុវត្ថិភាព) ពេលបើកបរមកដល់ចំណុចភូមិឃុំកើតហេតុ អ្នកបើកបរម៉ូតូខាងលើ បានបើកវ៉ារថយន្តឆ្លងកាត់គំនូសលឿងពុះចែកកណ្ដាលទ្រូងផ្លូវ ហើយក៏បានមកបុកជាមួយអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្ដាល 1U-0784 បើកបរដោយ ឈ្មោះ ទុំ ចាន់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ បើកបរក្នុងទិសដៅពីជើងទៅត្បូង(តាខ្មៅ ស្អាង)មិនពាក់មួកសុវត្ថិភាព។ ករណីខាងលើនេះបណ្ដាលឱ្យអ្នកបើកបរម៉ូតូ សង់កូរ៉េរងរបួសធ្ងន់ហើយបានស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបរម៉ូតូម៉ាក់ ហុងដាឌ្រីម និងអ្នករួមដំណើរ រងរបួសធ្ងន់ត្រូវបានខាងប្រធានមន្ទីរពេទ្យបង្អែកស្អាង ដឹកបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ (ដោយកម្លាំងសមត្ថកិច្ចជំនាញទៅមិនទាន់)។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងម៉ូតូទាំងពីរមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
ចំណែកសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ការសន្និដ្ឋានបឋម
-ករណីនេះបណ្ដាលមកពី​ អ្នកបើកបរបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខ កណ្ដាល 1AC 3933 បើកបរវ៉ារថយន្ត(មិនប្រកាន់ស្ដាំ)ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង៕

មតិយោបល់