ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចចាប់បានភ្លាមៗ ក្រោយឆក់ខ្សែ.កពីស្រ្តីម្នាក់បានសម្រេច

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ភ្លាមៗ ក្រោយពេលធ្វើសកម្មភាពឆក់ខ្សែកមាសពីស្រ្តីម្នាក់បានសម្រេច កាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ក្រហម ១គ្រឿង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះស្រាប់តែលេចមុខជនសង្ស័យខាងលើ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ១គ្រឿង ឌុបគ្នាតាមពីក្រោយដេញតាមឆក់យកបានសម្រេចរួចគេចខ្លួន។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកស្រ្តីរូបនោះក៏បានព្យាយាមជិះម៉ូតូដេញតាម និងស្រែកថា«ចោរៗ» ដើម្បីឲ្យអ្នកដំណើរជួយ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម បានជួយដេញតាមរហូតដល់ក្នុងបុរីឈូកវ៉ា២ ទើបចាប់បានទាំង ២នាក់ រួចនាំយកទៅសាកសួរនៅប៉ុស្តិ៍សរោងក្រោម ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

មតិយោបល់