ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត Prius ជ្រុលទៅបុក ​Lexus RX300 ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តToyota Prius មួយគ្រឿង ជ្រុលទៅបុករថយន្ត ​Lexus RX300 ពេញទំហឹង បណ្តាលឲ្យ រងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវ១១៤ កែងនឹងផ្លូវ ៥១ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញ ជនបរទេសម្នាក់ រួមដំណើរជាមួយ២នាក់ទៀត ជាជនបរទេសដូចគ្នា បើករថយន្ត មួយគ្រឿងម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AO- 3735 ធ្វើដំណើរតាមបណ្តោយផ្លូវ៥១ មានទិសដៅពីជើងទៅត្បូងក្នុងល្បឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុផ្លូវបែកជាបួន មានរថយន្ត Toyota Prius ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AO-5064 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១១៤ មានទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ ជ្រុលទៅបុករថយន្ត Lexus RX300 ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ចំណែករថយន្តPriusនោះវិញ រងការខូចខាតផ្នែកខាងមុខទាំងស្រុង ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ បានចុះមកដល់កន្លែងកើតហេតុ បានឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នា ប៉ុន្តែមិនត្រូវនោះទេ សមត្ថកិច្ចក៏យករថយន្តទាំងពីរគ្រឿងនោះ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់