ព័ត៌មានជាតិ

នារីស្រស់ស្អាតម្នាក់បើករថយន្ត MG មួយគ្រឿង រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត

ភ្នំពេញ: នាវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើឡើង នារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក MG ក្នុងល្បឿនលឿន បានរេចង្កូតបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ខ្ទាតមួយកង់ រងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញនារីម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក MG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BT-8667 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ មានទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅផ្លូវម្ខាងទៀត ។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ហើយភ្លាមៗនោះ នារីបើករថយន្តបង្កហេតុខាងលើនោះ បានចេញពីកន្លែងកើតហេតុគេចខ្លួន ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកពិនិត្យនិងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនាពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់