ភ្នំពេញៈ នៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូហុងដាឃ្លីក មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតត្រង់ចំណុចលើស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HY-5390 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី មានទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ឡើងស្ពានអាកាស៧មករា ពេលមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៧មករាពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ ក្រោយមកសាច់ញាតិនិងប្រពន្ធជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់