ព័ត៌មានជាតិ

Update: ក្រុមចាប់ជំរិតតាមប្រព័ន្ធអ៊ិនធើណេត ជិត៣០នាក់ ត្រូវបានចាប់ខ្លួន ខណៈចុះប្រតិបត្តិការពីរគោលដៅ

ភ្នំពេញៈ គិត​ត្រឹម​ម៉ោង១២ថ្ងៃត្រង់​នេះ ជនជាតិចិន​ជិត​៣០នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួ​ន ក្រោយ​ពី​ជាប់ពាក់ព័ន្ធ​និងករណី​ចាប់ជំរិត​ទារប្រាក់តាមប្រព័ន្ធ​អ៊ិនធើណេត​​។

ប្រធាននាយកដ្ឋាន​ស៊ើបអង្តេត​ ​នឹង​អនុវត្ត​និតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួ​ងមហាផ្ទៃ​លោក ឧត្តមសេនីយ៍​ទោ អ៊ុក ហៃសីឡា បាន​ប្រាប់​សារព័ត៌មាន PostNews ​នៅមុន​នេះបន្តិច​ថា គិត​ត្រឹម​ម៉ោង​១២នេះ សមត្ថកិច្ច​អន្តោប្រវេសន៍​សកម្ពុជា បាន​ចាប់ខ្លួន​ជនជាតិចិនចំនួន​​ ២៧នាក់ នៅក្នុងភូមិ​គ្រឹះ​​មួយ​កន្លែង​ ​​ខណ្ឌសែន​សុខ បន្ទាប់​ពី​សមត្ថកិច្ច​ជាច្រើននាក់​បាន​បើកប្រតិបត្តិការ សហការ ចុះ​ពីរគោលដៅ​ គឺខណ្ឌ​ចំការមន និងខណ្ឌ​សែន​សុខ។

លោក អ៊ុក ហៃសីឡា បញ្ជាក់ថា ជនសង្ស័យ​ទាំង​នេះ គឺពាក់ព័ន្ធ​និងករណី​ចាប់ជំរិតតាមប្រព័ន្ធ​​អ៊ិនធើណេត ដោយ​ឡែកក្នុងខណ្ឌ​ចំការមន សមត្ថកិច្ច​រកមិនឃើញ​ជនសង្ស័យ​ពាក់ព័ន្ធទេ ដោយ​ពេលនេះកំពុងប្រតិបត្តិការ​រកវត្ថុតាង​។
សូមបញ្ជាក់​ថា​ កម្លាំង​អគ្គនាយកដ្ឋា​ន​អន្តោប្រវេសន៍​​ក្រសួង​មហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌចំការមន​ បាន​ចុះឆែកឆេរ​រក​ជន​បរទេស​ដែល​ចូល​មកស្នាក់នៅក្នុង​​ដីឡូត៍ ​ភូមិគ្រឹះ មួយ​កន្លែងដោយ​ខុសច្បាប់​ លេខ៥៣A ផ្លូវលេខ​៤៣០ ស្ថិតក្នុងខណ្ឌ​ចំការមន​។

ជាមួយ​គ្នានោះ​ សមត្ថកិច្ច​ក៏ចុះ​ប្រតិបត្តិការនៅខណ្ឌសែនសុខ​ផងដែរ ពោលគឺ​សមត្ថកិច្ច​បំបែក​ជាពីរក្រុម​។

គួររំលឹកថា មួយ​រយៈ​ចុងក្រោយ​មកនេះ ប្រតិបត្តិការ​របស់​កម្លាំង​សមត្ថកិច្ច​ទៅ​លើក្រុមចាប់ចំរិត​ ហាក់ស្ងាត់​មួយរយៈ​ ក្រោយ​ពី​សមត្ថកិច្ច​ធ្លាប់​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយធំ នៅក្នុងរាជធានី​ភ្នំពេញ​ និងបណ្តាប្រទេស​ជិត​ខាង​មួយ​ចំនួន​ ហើយ​ក្រុម​ទាំង​នេះ តែង​តែ​ប្រើរូបភាព​តា​មប្រព័ន្ធ​​អ៊ិនធើណេត​ ឬទូរស័ព្ទ​លើតុ ដើម្បី​ទំនាក់ទំនង​ទៅកាន់អ្នក​មាននៅក្នុងប្រទេស​ចិន​ ក្នុងទិស​ដៅ​ ដើម្បី​ចំរិត​ទារប្រាក់​ ដែល​ជនសង្ស័យប្រើប្រទេសកម្ពុជា ជាជម្រក​៕

មតិយោបល់