ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុករថយន្តធំពីក្រោយ បណ្ដាលឲ្យដួលលើផ្លូវជាតិ ត្រូវរថយន្ត ១គ្រឿងទៀត កិនចំស្លាប់មួយរំពេច

កណ្ដាល: នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ២៣.២៤ ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពរឿងហេតុ៖
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ ១គ្រឿងម៉ាក HONDA BeAT ពណ៌ស-ខៀវ ពាក់ស្លាកលេខ កណ្តាល 1AD-9755 បើកបរដោយឈ្មោះ រ៉ូ វិច្ឆ័យ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្វើដំណើរក្នុងទិសដៅ ភ្នំពេញ អ្នកលឿងមកដល់ចំណុចកើតហេតុ ក៏បានបុករថយន្ត ១គ្រឿង ជាប្រភេទរថយន្តធំ មិនស្គាល់ម៉ាក មិនស្គាល់ស្លាកលេខចំពីក្រោយចំហៀងខាងឆ្វេងក្នុងទិសដៅស្របគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូដួលធ្លាក់ទៅលើផ្លូវជាតិ ក៏ត្រូវរថយន្តផ្សេងមិនស្គាល់អត្តសញ្ញាណមកកិនចំអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ ចំណែករថយន្តបើករត់គេចបាត់ចេញមុនសមត្ថកិច្ចទៅដល់។ សាកសពបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូជាមធ្យោបាយកម្លាំងជំនាញចរាចរណ៍ស្រុកកៀនស្វាយ ធ្វើការវាស់វែងយករក្សាទុកជាភស្ថុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។

ការសន្និដ្ឋានបឋម៖ បណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕

មតិយោបល់