ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវក្រុមជនសង្ស័យ ឆក់ខ្សែកបានសម្រេច បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់

ភ្នំពេញ: ស្រ្តីម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីត្រូវក្រុមជនសង្ស័យ មួយក្រុមជិះ២ម៉ូតូគ្រឿងមានគ្នា៤នាក់ ធ្វើសកម្មភាពឆក់ខ្សែកបានសម្រេច រួចបណ្តាលឲ្យដួលបោកក្បាលផ្ទប់និងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនតាមរថយន្តសង្រ្គោះ ដឹកយកទៅសង្រ្គោះភ្លាមៗ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្បែរវត្តគោកខ្សាច់ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះមានឈ្មោះ សៅ សំណាង ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្រ្តីខាងលើ ធ្វើដំណើរដោយម៉ូតូមួយគ្រឿង ក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ធ្វើដំណើរមកពីក្រោយធ្វើសកម្មភាព ឆក់ខ្សែកបានសម្រេចរួចស្រ្តីរងគ្រោះក៏បានដួលម៉ូតូ បណ្តាលឲ្យរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ អាជ្ញាធរមានសមត្ថកិច្ច បានចុះដល់ទីតាំង និងយកម៉ូតូប្រគល់ឲ្យសាច់ញាតិជនគ្រោះវិញ រួចរង់ចាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង និងស្វែងរកក្រុមជនសង្ស័យ យកមកចាត់ការតាមនីតិវិធី ៕

មតិយោបល់