បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជា បានឲ្យដឹងថា ក្មេងស្រីម្នាក់មានអាការៈចុកពោះ ក្អួតចង្អោរ ប្រកាច់ស្លាប់ បន្ទាប់ពីបានផឹកទឹកក្រូចអស់ចំនួន០២ដបរួច ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១ រស់នៅភូមិតាម៉ាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ក្មេងស្រីដែលបានបាត់បង់ជីវិតឈ្មោះ ឆេន ស្រីមុំ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិតាម៉ាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ តាមអះអាងពីស្ត្រីជាម្តាយ ក៏ដូចជាមេភូមិ និងប្រជាពលរដ្ឋជិតខាង បានប្រាប់ថា ក្មេងស្រីដែលស្លាប់នេះមានសតិមិនល្អ មានជំងឺប្រចាំកាយ (ស្កន់) ហើយតែងតែដើរតាមផ្លូវមិនសូវនៅផ្ទះនិងតែងតែទាស់ចំណីអាហារជាប្រចាំ ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុស្ត្រីជាម្តាយបានប្រាប់ថា កូនស្រីគាត់បានប្រាប់គាត់ថាវាបានផឹកទឹកក្រូចអស់០២ដបតូច មួយសន្ទុះក្រោយមកក៏ស្រាប់តែមានអាការៈ ចុកពោះ ប្រកាច់ និងក្អួតចង្អោរ ហើយគាត់ក៏បានឲ្យថ្នាំប៉ារ៉ាលេបអស់ចំនួន០២គ្រាប់ ដោយពុំបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនោះទេ ។ លុះក្រោយមកកូនស្រីរបស់គាត់បានប្រកាច់ដាច់ខ្យល់ស្លាប់តែម្តង ។
នគរបាលបានឲ្យដឹងទៀតថា៖ តាមការពិនិត្យរបស់គ្រូពេទ្យរកជំងឺកូវីដ-១៩ គឺអវិជ្ជមាន ។ បើតាមការសន្និដ្ឋានរបស់គ្រូពេទ្យឈ្មោះស្រី ខ្លុង ប្រធានមណ្ឌលសុខភាពបឹងត្រកួនបានអះអាងថា ក្មេងស្រីនេះស្លាប់ដោយសាជំងឺប្រចាំកាយស្កន់ជ្រូកនិងពុលចំណី ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងឃាតកម្មនោះទេ ។ សពត្រូវបានប្រល់ជូនឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់