ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបានជិះម៉ូតូមិនប្រយ័ត្ន ហើយមិនពាក់មួកសុវត្ថិភាព បានបុករថយន្ត ដែលចតនៅស្ងៀមពីក្រោយ នៅលើផ្លូវក្រាលកៅស៊ូ ចំណុចម្តុំមុខមណ្ឌលសុខភាពតាលោ ស្ថិតនៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦និង១១នាទី បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីតពណ៌ខៀវ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ពោធិ៍សាត់ 1L-8948 បើកបរដោយឈ្មោះ ម៉ុន ជឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (មិនពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់ បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានជិះម៉ូតូបុកពីក្រោយរថយន្ត១គ្រឿង ដែលចតនៅលើផ្លូវយ៉ាងពេញទំហឹង ម៉ាក ISUZU ពណ៌សលាយក្រហម ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខព្រះសីហនុ 3A-1113 បើកបរដោយឈ្មោះ ឈាង ហុកលី ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិករគោ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (ពុំមានរងរបួស) ។ ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ។
លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាល ស្រុកតាលោសែនជ័យបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿនលឿន អ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន និងមិនពាក់មួកសុវត្ថភាព ។ ចំពោះវត្ថុតាងម៉ូតូនិងរថយន្ត សមត្ថកិច្ចបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ រង់ចាំដោះស្រាយតាមនីតិវិធី ៕
មតិយោបល់