ព័ត៌មានជាតិ

ជាងបើករថយន្តសាក ស្រាប់តែរេចង្កូតទៅបុករថយន្ត ២គ្រឿង ដែលចតលើចញ្ចើមផ្លូវ បណ្តាលឲ្យខូចខាតទាំង ៣គ្រឿង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលជាងជួសជុលរថយន្ត ខណៈដែលកំពុងបើកសាក ស្រាប់តែរេចង្កូតទៅបុករថយន្តចំនួន ២គ្រឿងទៀត ដែលម្ចាស់ចតលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតសរុប ៣គ្រឿង។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលបង្កម៉ាក KIA MORNING គ្មានស្លាកលេខ ដែលជាងជួសជុលបានបើកសាកក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុមិនដឹងថា មកពីមូលហេតុអ្វីទើបបណ្តាលឲ្យរេចង្កូងឡើងចិញ្ចើមផ្លូវ ជ្រុលទៅបុករថយន្តម៉ាក តាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ2J-2601 ដែលចតលើចិញ្ចើមផ្លូវបណ្តាលឲ្យខ្ទាតទៅប៉ះនិងរថយន្តម៉ាក RANGROVER មួយគ្រឿងទៀតដែលពាក់ស្លាកលេខ ភ្នំពេញ 2AA-0006 រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្ករងការខូចខាតខ្ទេចផ្នែកខាងមុខ និងអ្នកបើកបររងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំង រាយការណ៍ទៅផ្នែកជំនាញ ចុះធ្វើការវាស់វែងនិងឲ្យភាគីទាំង៣ ធ្វើការសម្របសម្រួលគ្នាបើមិនត្រូវ និងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់