ព័ត៌មានជាតិ

នារីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីរថយន្តបើកឡើងស្ពានហោះក្រវាត់កន្ទុយប៉ះម៉ូតូយ៉ាងពេញទំហឹង នៅសង្កាត់ក្រាំងធ្នង់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តមួយគ្រឿង បើកបរឆ្លងស្ពានក្នុងល្បឿនលឿន ហោះក្រវាត់កន្ទុយរថយន្តទៅប៉ះជាមួយម៉ូតូមួយគ្រឿង ដែលបើកបរដោយនារីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីពេទ្យ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញនារីម្នាក់វ័យប្រហែលជាង ២០ឆ្នាំ បើកបរដោយម៉ូតូម៉ាក ហុងដាប៊ីត មួយគ្រឿង ពាក់ស្លាកលេខ កំពុងចាម 1U-7114 ដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រហូតបានឆ្លងស្ពានកាត់ប្រឡាយមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-2213 ដែលធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានបើកឆ្លងស្ពាន បណ្តាលឲ្យហោះក្រវាត់កន្ទុយរថយន្តមកប៉ះជាមួយ និងម៉ូតូនារីរងគ្រោះយ៉ាងពេញទំហឹង ដួលរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ ម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខ ចំណែករថយន្តបានរេចង្កូតធ្លាក់ក្នុងប្រឡាយទើបអស់ល្បឿនទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបានខណ្ឌសែនសុខ បានចុះដល់ទីតាំងធ្វើការវាស់វែងយកទៅរក្សារទុកដើម្បីរង់ចាំការដោះស្រាយ។
សូមបញ្ជាក់៖ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ ក្រុមការងារយើងខ្ញុំក៏សូមខន្តី និងអភ័យទោសរាល់កំហុសខុសឆ្គង ដល់ក្រុមគ្រួសាររបស់ជនរងគ្រោះពីចម្ងាយ ដោយសារកាលពីម្សិលមិញកើតហេតុភ្លាមៗ ក្រុមការងារបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ដែលឃើញហេតុការណ៍ថា ជនរងគ្រោះប្រហែលជាស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះ ព្រោះស្ថានភាពរងរបួសធ្ងន់ធ្ងរ ៕

មតិយោបល់