ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច បង្រ្កាបក្រុមចោរលួចមានស្ថានទម្ងន់ទោស ប្រើអាវុធខ្លីធ្វើសកម្មភាពលួចកាច់កម៉ូតូ

ភ្នំពេញ: យោងតាមផេក អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥និង២០នាទី ករណីបង្រ្កាបក្រុមចោរលួចមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីធ្វើសកម្មភាពលួចកាច់កម៉ូតូ) ត្រង់ចំណុចភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិបន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០១គ្រឿង, រថយន្តចំនួន០២​គ្រឿង ,បង់អាវុធខ្លីចំនួន០១ ,គ្រាប់អាវុធខ្លីចំនួន១៤គ្រាប់ ,ដែកជ្រុងចុងសំប៉ែតស្រួច (សម្រាប់កាច់សោរកម៉ូតូ) ចំនួន១៣ ,ផ្លែតួណឺវីសជ្រុងចំនួន០៨ ,ផ្លាកលេខម៉ូតូចំនួន០៤ (ភ្នំពេញ1JE-3297 /ភ្នំពេញ1JP-6813 /ភ្នំពេញ1JA-8190/ភ្នំពេញ1JB-8566 ,និងកូនសោរម៉ូតូចំនួន០១ ។

ហេតុការណ៍: កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥និង២០នាទី កម្លាំងផ្នែកជំនាញខណ្ឌដង្កោ និង​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២​ កំពុងចេញល្បាតក្នុងភូមិសាស្រ្ដ ស្រាប់តែឮបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ តាមរយ:វិទ្យុទាក់ទង (អាយឌី) ឲ្យកម្លាំងដែលកំពុងល្បាតទាំងអស់ ធ្វើការសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃពិនិត្យ និងឃាត់រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BS-8597 ដែលជនសង្ស័យកំពុងជិះគេចខ្លួន ។

បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឃើញជនសង្ស័យកំពុងបើករថយន្តលើផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចក៏បានហៅឲ្យជនសង្ស័យឈប់​តែជនសង្ស័យមិនបានឈប់រថយន្តទេ ហើយបើកគេចចូលទៅក្នុងបុរីVIP ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចបានឈប់រថយន្តម៉ាកខាងលើទុកចោល ហើយបើកម៉ូតូម៉ាក PCX ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-9994 រត់គេចខ្លួនបន្តទៀត ។

ពេលឃើញដូចនេះ សមត្ថកិច្ចបានដេញតាមពីក្រោយផង និងពួនស្ទាក់ពីមុខផងទើបជនសង្ស័យបានផ្តួលម៉ូតូខាងលើចោល រត់ចូលទៅពួនសម្ងំនៅក្នុងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនោះសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានធ្វើការឡោមពទ្ធ័ឃាត់បានជនសង្ស័យខាងលើ និងដកហូតបានវត្ថុតាងរួមមាន៖
១/ម៉ូតូម៉ាក PCX ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-9994 ចំនួន០១គ្រឿង ,២/រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BS-8597 ចំនួន០១គ្រឿង, ៣/រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG-8423ចំនួន០១គ្រឿង ,៤/ បង់អាវុធខ្លីចំនួន០១ ,៥/គ្រាប់អាវុធខ្លីចំនួន១៤គ្រាប់ ,៦/ដែកជ្រុងចុងសំប៉ែតស្រួច (សម្រាប់កាច់សោរកម៉ូតូ) ចំនួន១៣ ,៧/ ផ្លែតួណឺវីសជ្រុងចំនួន០៨ ,៨/ផ្លាកលេខម៉ូតូចំនួន០៤ (ភ្នំពេញ1JE-3297/ភ្នំពេញ1JP-6813 /ភ្នំពេញ1JA-8190/ភ្នំពេញ1JB-8566 ,៩/កូនសោរម៉ូតូចំនួន០១ ។

បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានប្រគល់ជនសង្ស័យខាងលើ រួមនឹងវត្ថុតាងឲ្យទៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់