ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចរថយន្ត ត្រូវកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួន ប្រគល់ឲ្យនគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ១០ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ជនសង្ស័យ០១នាក់ធ្វើសកម្មភាពលួចយករថយន្ត ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនប្រគល់ឲ្យនគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ក្រោយពីមានករណីលួចរថយន្ត នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ ចាត់វិធានការ ស្រាវជ្រាវ ដោយពិនិត្យឃើញពីស្នាមកង់រថយន្តចេញទៅទិសខាងកើត កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ បានធ្វើការទំនាក់ទំនងជាមួយកម្លាំងនគរបាលខេត្តសៀមរាប ។ នៅវេលាម៉ោងជិត០៨ ព្រឹក កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងកាដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យនិងរថយន្តបាននៅចំនុចរង្វង់មូលព្រះរាជដំណាក់ ខេត្តសៀមរាប រួចប្រគល់ឲ្យកម្លាំងនគរបាល ស្រុកព្រះនេត្រព្រះ យកមកសួរនាំនិងអនុវត្តតាមនីតិវិធី ។

លោកអធិការបានបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ ឌុក វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិខ្វាវលិច ឃុំ ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ចំណែករថយន្តដែលជនសង្ស័យលួច ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4414 ប្រភេទ ដឹកទំនិញធុនធំ នៅលើរថយន្តនោះមានដឹក កន្ទក់ចំនួន ១០តោន ដែលមានម្ចាស់រថយន្តឈ្មោះ អ៊ូច សំបូរ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា បានបញ្ជាក់បន្ថែមថា៖ តាមការរៀបរាប់របស់ម្ចាស់រថយន្ត មុនពេលកើតហេតុវេលាម៉ោង១១ យប់ ថ្ងៃទី០២ ខែធ្នូ បានយករថយន្តមកចតទុកនៅចំណុចមុខ ហាងបាយម្ដាយនៅភូមិរំដួល ប៉ែកខាងលិចភូមិ គ្មានរបង នៅជាប់ផ្លូវជាតិ លេខ06 រួចទៅដេកដោយមិនបានដកសោ កុងតាក់ លុះព្រឹកថ្ងៃទី០៣ ខែធ្នូ ក្រោកមកមើលស្រាប់តែបាត់រថយន្ត ហើយប្តឹងនគរបាលប៉ុស្តិ៍ជួយអន្តរាគមន៍ ៕

មតិយោបល់