ភ្នំពេញ: បុរសជនជាតិចិនម្នាក់រួមដំណើរ និងបុរសជនជាតិចិនម្នាក់ទៀតស្រវឹស្រា បើករថយន្ត TACOMA មួយគ្រឿងលឿនដូចហោះ ជ្រុលបុកម៉ូតូកង់បីឥណ្ឌាពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូកង់បី និងនារីម្នាក់រួមដំណើរក្នុងកង់បីរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចមុខផ្សារសេនជូរី តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GV-2902 ដឹកនារីម្នាក់ជាភ្ញៀវ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត TOYOTA TACOMA មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-5826 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរនឹងបុរសជនជាតិចិនម្នាក់ទៀត ស្រវឹងស្រា ធ្វើដំណើរមកពីក្រោយលឿនដូចហោះ ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូកង់បី និងនារីម្នាក់រួមដំណើររងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូកង់បីរងការខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុប្រជាពលរដ្ឋបាននាំគ្នាដេញតាមឃាត់ខ្លួនអ្នកបើកបររថយន្ត និងអ្នករួមដំណើរបានភ្លាមៗ រួចប្រគល់ជូនសមត្ថកិច្ច នាំខ្លួនមកប៉ុស្តិ៍នគរបាលធ្វើការសួននាំបន្ត ចំណែករថយន្ត និងម៉ូតូកង់បី សមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់