កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឲ្យមានការកកស្ទះចរាចរណ៍ជាខ្លាំង ខណៈដែលរថយន្តម៉ាក G.M.C(កងយោធពលខេមរភូមិន្ទ) បានបើកទៅបុកពីក្រោយរថយន្តម៉ាកAudi ពេញទំហឹងបណ្តាលឲ្យខ្ទេចគូទខាងក្រោយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ កំណាត់ផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៣៧-៣៨ ចំណុចភូមិចេតីយ៍ទ្រេត ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
នគរបាលស្រុកពញាឭបានឲ្យដឹងថា មុនពេលកើតហេតុដោយសារតែអាកាសធាតុមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈនោះក៏រថយន្តមួយគ្រឿងម៉ាកAudi ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-3369 បើកបរក្នុងទិសដៅពីលិចទៅកើត (បាត់ដំបង ភ្នំពេញ) ដោយឈ្មោះ ជា សុខចាន់ ភេទ ប្រុស អាយុ៣៣ឆ្នាំ ទីលំនៅផ្ទះលេខ៨២ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ ខណៈបើកបរមកដល់កន្លែងកើតហេតុអាកាសធាតុផ្ទៃមេឃងងឹតមានភ្លៀងធ្លាក់ខ្លាំងលំហូរចរាចរខាងមុខមានការកកស្ទះម្ចាស់រថយន្តក៏ជាន់ហ្វ្រាំងឈប់ ស្របពេលនោះក៏មានរថយន្តម៉ាក GMC ពណ៌ត្រីយ៍អី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2.3 7054 បើកបរដោយឈ្មោះអុឹម សិរី ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរកងយោធពលខេមរភូមិន្ទ អង្គភាព កងពលលេខ ង៧០ បានបុករុញពីក្រោយបណ្ដាលអោយខូចខាត ផ្នែកខាងក្រោយស្រាល។
ក្រោយកើតហេតុ មធ្យោបាយដំណើរទាំង២គ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនិតិវិធីច្បាប់បន្តទៀត៕
មតិយោបល់