ភ្នំពេញៈ នាវេលាម៉ោង០១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ មនករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះខ្សែភ្លើង យ៉ាងសន្ធោសន្ធៅ ភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ច ទីតាំងស្ថិតក្នុងបុរីមួយកន្លែង តាមបណ្ដោយផ្លូវ១៩៥២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញផ្សែងហុយចេញពីបង្គោលភ្លើង ប្រជាពលរដ្ឋរស់នៅជុំវិញនោះមិនទាន់ភ្ញាក់ពីដំណេកនៅឡើយ បន្ទាប់មកក៏ស្រាប់តែមានការផ្ទុះបែកផ្កាភ្លើងចេញពីខាងលើបង្គោលនោះ ។ ខ្សែភ្លើងនិងខ្សែកាបអ៊ុកតិចជាច្រើនសរសៃមានសភាពយ៉ាងរញ៉េរញ៉ៃខ្លាំងមែនទែន រហូតលេចចេញជាអណ្ដាតភ្លើងឆាបឆេះខ្សែភ្លើង និងខ្សែកាបអ៊ុកតិច រួមជាមួយប្រអប់កុងទ័រភ្លើង ដែលនៅខាងលើបង្គោលនោះយ៉ាងសន្ធោសន្ធៅ ។ ករណីនេះក៏បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នាចេញពីក្នុងផ្ទះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់រហូតដល់ភ្លើងរលត់ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងបានមកដល់ទីតាំងកើតហេតុបាញ់ទឹកពន្លត់បន្ថែមទៀត ។ ចំពោះមូលហេតុករណីខាងលើនោះ សមត្ថកិច្ចបានសន្និដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕






មតិយោបល់