ព័ត៌មានជាតិ

រថយន្តលាយបេតុងបុកអូសម៉ូតូពីក្រោយជាច្រើនម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់ ២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តលាយបេតុង ១គ្រឿង ខណ:បើកបរក្នុងល្បឿនលឿន ក៏បានជ្រុលទៅបុកម៉ូតូ ១គ្រឿងពីក្រោយ បណ្ដាលឲ្យដួលគាបជាប់ក្រោមរថយន្តអូសច្រើនម៉ែត្រ ហើយអ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់ធ្ងរ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ឧប្បត្តហេតុនេះបានកើតឡើងកាលពីវេលាម៉ោង ៤និង២០នាទីល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមមហាវិថីឈ្នះឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តលាយបេតុង ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-3660 បើកបរធ្វើដំណើរក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថាអ្នកបើករថយន្តរវល់ងាកទៅណាទេ ស្រាប់តែជ្រុលទៅបុកម៉ូតូម៉ាកហុងដាប៊ីត ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JL-9060 ពីក្រោយបណ្ដាលឲ្យដួលកៀបជាប់ក្រោមរថយន្តអូសជាច្រើនម៉ែត្រ ហើយបុរសម្នាក់និងស្រ្តីម្នាក់ដែលជិះម៉ូតូនោះរងរបួសធ្ងន់ធ្ងរ។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានចុះរត់គចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះប្រុសស្រីទាំង ២នាក់ ត្រូវបានរថយន្តពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តីសំរោង និងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕







មតិយោបល់