ចិនបើករថយន្តALPHARD ជ្រុលបុកពីក្រោយឡានកូរ៉េក្រឡាប់ផ្ងារជើង បណ្តាលឲ្យស្រ្តីម្នាក់រងរបួស
ភ្នំពេញ: កាលពីវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសជនជាតិចិនម្នាក់ បើករថយន្ត ALPHARD មួយគ្រឿង ជ្រុលបុកពីក្រោយរថយន្តកូរ៉េ មួយគ្រឿង បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងរបួសស្រ្តីម្នាក់ ទីតាំងក្បែរស្តុបផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញស្ត្រីជាអ្នកលក់បង្អែមម្នាក់ បើកបររថយន្តកូរ៉េមួយគ្រឿងម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខ ច-1968 ភព2 ទើបតែបើកចេញពីកន្លែងលក់បង្អែម គោលបំណងត្រឡប់ទៅផ្ទះវិញ ដែលធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូង មកដល់ត្រង់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយវិញ ។ លុះពេលឆ្លងជិតផុតទៅហើយ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-0277 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នា ក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េពេញទំហឹង បណ្តាលឲ្យរថយន្តកូរ៉េក្រឡាប់ផ្ងារជើង បណ្តាលឲ្យស្ត្រីជាអ្នកបើកបររងរបួស ចំណែករថយន្ត ALPHARD បានរងការខូចខាតផ្នែកខាងមុខ ។
នៅក្រោយពេលកើតហេតុ ភាគីទាំងពីរក៏បានចរចាគ្នា ដោយមិនចង់មានរឿងវែងឆ្ងាយ ភាគីខាងរថយន្ត ALPHARD ក៏ព្រមចេញសំណងទៅខាងរថយន្តកូរ៉េ ដើម្បីបញ្ចប់រឿង ៕
មតិយោបល់