ព័ត៌មានជាតិ

ស្លាប់ទៀតហើយ! រថយន្តកែច្នៃបុកម៉ូតូវ៉េវពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច

ក្រចេះ: លោក វរសេនីយ៍ទោ យ៉ាន់ ហ៊ាង អធិការស្រុកចិត្របុរី បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តកែច្នៃមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានបុកជាមួយនឹងម៉ូតូម៉ាកវ៉េវ ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧ ក្រចេះ-ស្នួល ចន្លោះគីឡូម៉ែត៣២៧-៣២៨ ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ ថា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ) ជាអ្នកបើកបរម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំណែកអ្នកបើកបររថយន្តកែច្នៃបង្កមិនស្គាល់អត្តសញ្ញាណនោះទេ រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរីដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់