ព័ត៌មានជាតិ

Update៖ ឃាត់ខ្លួនបានហើយ! ជនសង្ស័យម្នាក់យកកន្សែងពោះគោខ្ទប់ច្រមុះ បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ក្នុងបន្ទប់ជួល សង្ស័យភ្លើងប្រចណ្ឌ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម (យកកន្សែងពោះគោ ខ្ទប់ច្រមុះនិងមាត់បណ្ដាលអោយស្លាប់) កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង៥០នាទី ត្រង់ចំណុចបន្ទប់ជួលលេខ១ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយមានការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ,កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលស្រុកពញាឮ ខេត្តកណ្តាល បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យ ត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល យកមកធ្វើការសាកសួរ តាមនីតិវិធីច្បាប់ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ។

លោកអធិការបន្តថា ជនរងគ្រោះ(សព)ឈ្មោះ កង គា ហៅ អាឈី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្រុកកំណើត ភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបន្ថែមថា ជនសង្ស័យឈ្មោះ គឹម សំអាន ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឈ្មោះ ថាច់ ឃ្លោក ភេទប្រុស អាយុ ៤៣ ឆ្នាំ បានទូរស័ព្ទមកឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ ៣១ ឆ្នាំ (ជាម្ចាស់ផ្ទះជួល) ដើម្បីកក់បន្ទប់ជួល ឱ្យមិត្តភក្តិស្នាក់នៅ រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី ជនសង្ស័យឈ្មោះ គឹម សំអាន ភេទប្រុស អាយុ ៥៤ ឆ្នាំ និងជនរងគ្រោះ (ជាប្រពន្ធ) បានមកជួបឈ្មោះ ជា ប៊ុនធឿន ប្រាប់ថា ជាមិត្តភក្តិរបស់ឈ្មោះ ថាច់ ឃ្លោក ដែលបានកក់បន្ទប់ជួលកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ រួចឈ្មោះ ជា ប៊ុនធឿន ក៏បានឱ្យជនសង្ស័យ និងជនរងគ្រោះស្នាក់នៅបន្ទប់ជួលលេខ១ ស្ថិតនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហើយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៤និង០០នាទីទៀបភ្លឺ ជនសង្ស័យបានជិះម៉ូតូចេញពីបន្ទប់ជួល ទៅក្រៅមិនឃើញត្រឡប់មកវិញទេ រហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង៥០នាទី ឈ្មោះ ជា ប៊ុនធឿន បានដើរមើលកុងទ័រទឹកភ្លើង តាមបន្ទប់ជួល ឃើញបន្ទប់ជួលលេខ១ ចាក់សោពីខាងក្រៅ ហើយមានធុំក្លិនស្អុយចេញពីខាងក្នុងបន្ទប់ ដោយមានការសង្ស័យឈ្មោះ ជា ប៊ុនធឿន ក៏មើលតាមបង្អួចកញ្ចក់ឃើញ ជនរងគ្រោះដេកស្លាប់គ្របភួយពីលើ រួចឈ្មោះ ជា ប៊ុនធឿន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងឱ្យបានដឹង រួចសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ កាត់សោបន្ទប់ជួលចូលទៅមើលខាងក្នុង បានឃើញជនរងគ្រោះដេកស្លាប់គ្របភួយពីលើប្រាកដមែន ។

បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ និងរាយការណ៍ទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យតុលាការ ចុះមកធ្វើកោសល្យវិច័យ រួចលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន (គ្រូពេទ្យតុលាការ) បានសន្និដ្ឋានថា ជនរងគ្រោះ (សព) ពិតជាស្លាប់ដោយសារថប់ដង្ហើម (ខ្ទប់មាត់និងច្រមុះ) ប្រាកដមែន ៕

មតិយោបល់