ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាព លួចម៉ូតូនៅក្នុងមន្ទីរពេទ្យ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណី លួចម៉ូតូ នៅក្នុងមន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ កាលពីម៉ោងប្រហែល១០ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨និង០០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច បានទទួលព័ត៌មានពីលោកមេភូមិថ្មី ឃុំរំលេច ថាមានការសង្ស័យទៅលើឈ្មោះ ដង ដា ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិថ្មី ឃុំរំលេច បានលួចម៉ូតូពីអ្នកដទៃ ព្រោះកន្លងមកឈ្មោះ ដង ដា មិនមានម៉ូតូជិះទេ ។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច បានចុះទៅនាំឈ្មោះ ដង ដា មកសួរនាំ និងបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA 0170 នៅក្នុងមន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០ព្រឹក ពេលលួចបានខ្លួនក៏ជិះម៉ូតូមកផ្ទះ នៅភូមិថ្មី ឃុំរំលេច ស្រុកបាកានខេត្តពោធិ៍សាត់ តែម្តង ។

លោកអធិការបានបន្តថា ចំពោះករណីនេះ សមត្ថកិច្ចបានប្រគល់ជនសង្ស័យឈ្មោះ ដង ដា និងវត្ថុតាងម៉ូតូ ជូនទៅសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ តាមបញ្ជា ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តពោធិ៍សាត់ ៕

មតិយោបល់