ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១៥និង៥០នាទី មានករណីរំលោភទំនុកចិត្ត (យកម៉ូតូ និងទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចខាងកើតឈាងខាងជើង ផ្សាររាត្រីរង្វង់មូលធូរេន ស្ថិតនៅភូមិ កំពង់បាយខាងត្បូង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត ។
ក្រោយកើតហេតុកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានសហការ និងផ្តល់ព័ត៌មានមកកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងប្រដេញតាមប្រព័ន្ធអាយខ្លោត (iCloud) ទូរស័ព្ទដៃរបស់ជនរងគ្រោះ រហូតឃាត់ខ្លួនបានជនសង្ស័យខាងលើ នៅចំណុចមុខរោងកុនចេនឡា ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១៨និង៤០នាទី ។
ជនសង្ស័យឈ្មោះ សូ ស្រីនិច ភេទស្រី អាយុ ២២ ឆ្នាំ ទីលំនៅក្រុមទី២៣ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅបណ្តោះអាសន្ន ផ្ទះជួលភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជួលបន្ទប់ក្បែរគ្នា រយៈពេលប្រមាណជាង ១ខែ) ។ ជនរងគ្រោះឈ្មោះ ស៊ុត សាវរី ភេទស្រី ស្នាក់នៅបណ្តោះអាសន្ន នៅភូមិសុវណ្ណសគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្ត កំពត ។
សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូម៉ាកហុងដា ស៊ូមមើអ៊ិច (zoomer x ) ពណ៌ ស លាយក្រហម ពាក់ផ្លាកលេខ កំពត ១N៨៨៨១, ទូរស័ព្ទដៃ ម៉ាក អាយហ្វូន ១២ pro max ពណ៌ ទឹកសមុទ្រ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងរៀបចំឯកសារប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់