ព័ត៌មានជាតិ

ទីតាំងល្បែងស៊ីសងជល់មាន់មួយកន្លែង ត្រូវកម្លាំងសមត្ថកិច្ចនគរបាលបង្រ្កាប និងឃាត់ខ្លួនមនុស្សចំនួន០៨នាក់

​កំពង់ចាមៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៤​និង​៣០​នាទី​ បន្ទាប់​ពី​ទទួល​ បាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដោយ​ក្នុង​កិច្ច​ប្រតិបត្តិការ ​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ផ្ទាល់​ពី​ លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ចុះ​បង្ក្រាប​ករណី​ បើក​ និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់​)​ នៅ​ចំណុច​តាម​ផ្លូវលំ​ក្រោម​ដើម​អំពិលទឹក​បារាំង​ ស្ថិត​នៅ​ព្រំប្រទល់​ភូមិ​បន្ទាយ​ថ្មី​ ឃុំ​សំរោង​ និង​ភូមិ​មេ​មាំ​ង​ ឃុំ​ល្វា​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ។​

​ជា​លទ្ធផល​កម្លាំង​បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់​ និង​ដកហូត​ទូរស័ព្ទ​ដៃ​ចំនួន​០៧​គ្រឿង​,​ មាន់​ងាប់​០១​ក្បាល​,​ កញ្ចក់​បាំង​មាន់​ចំនួន​០១,​ ស្គុ​តរុំ​ខ្នាយ​មាន់​មួយ​ចំនួន​,​ ម៉ូតូ​ចំនួន​០៧​គ្រឿង​ ប្រគល់​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ជា​អ្នកគ្រប់គ្រង​ និង​ជញ្ជីង​ថ្លឹង​មាន់​ចំនួន​០១​ ។​

​បច្ចុប្បន្ន​ មនុស្ស​ទាំង​៨​នាក់​ រួម​នឹង​វត្ថុ​តាង​ខាងលើ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ តាម​បញ្ជា​លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ៕

មតិយោបល់